ការបរិច្ចាកទឹកដោះគោអង្គរមីលទៅកាន់តំបន់បិទខ្ទប់

Jun 16, 2021 | ព័ត៌មាននិងព្រឹត្តិការណ៍

បញ្ហាវិបត្តិជម្ងឺរាតត្បាតកូវីដ ១៩ បានធ្វើអោយប៉ះពាល់ជាខ្លាំងទៅដល់ប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់។ ដោយប្រមើលឃើញពីទុក្ខលំបាក និងភាពខ្វះខាតក្នុងអំឡូងពេលបិទខ្ទប់ ក្រុមហ៊ុនអង្គរឌែរី ប្រូដាក ខូអិល ធីឌី បានឧបត្ថម្ភ ទឹកដោះគោស្រស់អង្គរមីល ADM 110ml ចំនួន ១០០០ កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាជនកម្ពុជា ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ ១៩។ តាមរយះកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាបាលរាជធានីភ្នំពេញ និង រាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ 

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងអោយឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលទេសះដែលប្រទេសជាតិបាន នឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវិដ ១៩។ សមនាចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុករាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។ 

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរលោក អគ្គនាយក ព្រមទាំងសហការីសូមទទួលបាននូវពុទ្ធពរទាំង ០៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀតឃ្លាតឡើង។